គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ខួប៣០ឆ្នាំនៃកំណើតសហគ្រាសប៉េប៉េអឹមប្រារព្វនៅប្រទេសអាហ្រ្វិក

កាលបរិច្ឆេទ: ១០ វិច្ឆិកា ២០២៥ / សុខភាព / Author : ATH Sokren

សម្រាប់ខួប៣០ឆ្នាំនៃសហគ្រាសផលិតឱសថប៉េប៉េអឹម ពិធីលាងភោជនាហារពេលល្ងាចដែលរៀបចំឡើងនៅទៅក្រុងបេណាំង ជាឱកាសជួបជុំគ្នារវាងលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកសហគ្រាសប៉េប៉េអឹម និងអ្នកស្រី Coumba Diallo នាយកផ្នែកនាំចេញប្រចាំទ្វីបអាហ្រ្វិករបស់​ប៉េប៉េអឹម ព្រមទាំងថ្នាក់ដឹកនាំមកពីភ្នាក់ងារចែកចាយឱសថនៅអាហ្រ្វិក Syaro និង Serhena។ ព្រឹត្តិការណ៍នេះរម្លឹកពីរយៈពេលបីទសវត្សរ៍នៃកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសក្នុងវិស័យសុខាភិបាលនៅទ្វីបអាហ្រ្វិក។

ក្នុងឱកាសនោះដែរ​ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានសង្ខេបពីឫសគល់នស​ប្រវត្តិរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម ផ្តើមឡើងពីការបង្កើតថ្នាំបំបាត់ការឈឺចុកចាប់គីណាល់នៅប្រទេសកម្ពុជា ដោយឳពុកក្មេករបស់លោក ដែលជាមនុស្សទីមួយនៅលើពិភពលោក ដែលមានគំនិតច្នៃប្រឌិតលាយថ្នាំប៉ារ៉ាសេតាម៉ុលជាមួយនឹងជាតិកាហ្វេអ៊ីននៅឆ្នាំ១៩៦០។ គំនិតច្នៃប្រឌិតនេះគឺជាកម្លាំងចលករដ៏សំខាន់នៃការអភិវឌ្ឍន៍សហគ្រាសផលិតឱសថប៉េប៉េអឹមតាំងពីសហគ្រាសនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយដើរតាមគន្លងរបស់មន្ទីរពិសោធន៍ CPC របស់ឳពុកក្មេកលោក តែជាអកុសលមន្ទីរពិសោធន៍នេះរងការបំផ្លិចបំផ្លាញដោយសង្រ្គាមនៅកម្ពុជា។

តំណាងភ្នាក់ងារចែកចាយ​ Syaro និង Serhena សម្តែងពីមោទកភាពរបស់ខ្លួនដែលបានក្លាយជាសមាជិកនៃ «មហាគ្រួសារសហគ្រាសផលិតឱសថប៉េប៉េអឹម» និងបានគូសបញ្ជាក់ពីភាពចាស់ទុំរបស់សហគ្រាសដែលឈានចូល៣០ឆ្នាំ ក្រោយពីឆ្លងកាត់ព្យុះភ្លៀង និងភាពជោគជ័យអស់រយៈពេលបីទសវត្សរ៍មកនេះ។ ពួកគេក៏បានកោតសរសើរពីផលប៉ះពាល់ជាវិជ្ជមានរបស់សហគ្រាសទៅលើជីវិតមនុស្សរាប់លាននាក់ ដោយសារផលិតផលមានគុណភាព មានប្រសិទ្ធភាព និងតម្លៃសមរម្យ។ តំណាងភ្នាក់ងារ Serhena បានសង្កត់ធ្ងន់ទៅលើភាពម៉ត់ចត់ខាងវិទ្យាសាស្រ្ត ភាពជាដៃគូ និងការផ្តល់តម្លៃដល់ក្រមសីលធម៌វិជ្ជាជីវៈដែលជាលក្ខណៈសម្បត្តិរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមតាំងពីបីទសវត្សរ៍មកនេះ។

អ្នកឡើងថ្លែងសន្ទរកថាទាំងអស់សម្តែងការគោរពចំពោះអ្នកស្រី Coumba Diallo ចំពោះភាពជាអ្នកដឹកនាំ សន្តានចិត្តដ៏ល្អ និងការខិតខំប្រឹងប្រែងដ៏គួរឱ្យកោតសរសើររបស់អ្នកស្រីនៅអនុតំបន់អាហ្រ្វិក។ ថ្នាក់ដឹកនាំនៃភ្នាក់ងារចែកចាយឱសថបានថ្លែងអំណរគុណដែលអ្នកស្រីបានផ្តល់ទំនុកចិត្តដល់ពួកគេ ជាពិសេសអ្នកស្រីបណ្តុះឱ្យពួកគេចេះ «ស្រឡាញ់ការងារ និងស្រឡាញ់សហគ្រាស»ក្នុងអំឡុងពេលកន្លងមកនេះ។

ចំណែកឯអ្នកស្រី Coumba Diallo ក៏បានថ្លែងអំណរគុណតបទៅក្រុមការងារវិញដែរ ចំពោះភាពជោគជ័យ និងភក្តីភាពរបស់ពួកគេ។ អ្នកស្រីក៏មិនភ្លេចរម្លឹកដែរថា វត្តមានរួមរបស់ពួកគេបញ្ជាក់ពីទំនុកចិត្តដែលផ្តល់ឱ្យគ្នាទៅវិញទៅមកក្នុងអំឡុងពេល២០ឆ្នាំមកនេះ។ អ្នកស្រីក៏បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែល «តែងតែផ្តល់ទំនុកចិត្ត» ដល់ក្រុមការងារនៅទ្វីបអាហ្រ្វិក និង«បានត្រួសត្រាយផ្លូវ» សម្រាប់​ពួក​គេ។ អ្នកស្រីអំពាវនាវឱ្យសហការីទាំងអស់បន្តការងារដែលបានចាប់ផ្តើមហើយ និងធ្វើឱ្យសហគ្រាសផលិតឱសថប៉េប៉េអឹមទទួលបានជោគជ័យជានិច្ចនិរន្តរ៍ ដោយអ្នកស្រីសង្កត់ធ្ងន់លើតួនាទីជាទូតសុឆន្ទៈរបស់ពួកគេនៅទ្វីបអាហ្រ្វិកនិយាយភាសាបារាំង។

តំណាងភ្នាក់ងារក៏បានសម្តែងការដឹងគុណចំពោះប្រធានគណៈប្រតិភូ ដែលទោះបីជាការចុះជួបអតិថិជនផ្ទាល់ជួបការលំបាកយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែរក្សាបានការតាំងចិត្តយ៉ាងមុតមាំក្នុងការបំពេញការងារ។ ពិធីជប់លៀងនេះមិនត្រឹមតែជាការរម្លឹកខួប៣០ឆ្នាំប៉ុណ្ណោះទេ តែក៏ជាឱកាសពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរវាងសហគ្រាសផលិតឱសថប៉េប៉េអឹម និងភ្នាក់ងារចែកចាយឱសថនៅទ្វីបអាហ្រ្វិកផងដែរ ដោយផ្អែកលើទំនុកចិត្ត ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីសុខភាពសាធារណៈ។

កាលពីប៉ុន្មានថ្ងៃមុននេះ នៅទីក្រុងដាកា ក៏មានរៀបចំពិធីជប់លៀងខួប៣០ឆ្នាំដូចគ្នានៅសណ្ឋាគារ Pullman ជាមួយវត្តមានក្រុមការងារសហគ្រាសផលិតឱសថប៉េប៉េអឹមដែលចែកចាយផលិតផលរបស់សហគ្រាសនៅប្រទេសសេណេហ្គាល់៕